អភិបាលខេត្តប៉ៃលិន ចុះជួបប្រជាកសិករ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាតម្លៃពោតក្រហមធ្លាក់ចុះ

23

ប៉ៃលិន៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោក ធូ ភា អភិបាលរងខេត្ត លោក រស់ នឿន នាយករងរដ្ឋបាលខេត្ត និងលោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលសៃឡូ និងលានហាល ដែលទទួលទិញកសិផលពីប្រជាពលរដ្ឋ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីរកដំណោះស្រាយចំពោះបញ្ហាតម្លៃកសិផល ជាពិសេសតម្លៃពោតក្រហម។

ក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល បានស្នើដល់ម្ចាស់អាជីវកម្មសៃឡូ និងទីលានហាល ដែលទទួលទិញកសិកផលពីកសិករក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសហការ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ដើម្បីជួយរកដំណោះស្រាយបញ្ហាតម្លៃពោតក្រហមធ្លាក់ចុះ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

លោកអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដោយសារទីផ្សារកសិផលរបស់យើង គឺពឹងផ្អែកទៅលើប្រទេសជិតខាង ម៉្យាងទៀតគឺយោងទៅតាមតម្លៃទីផ្សារកសិផលនៅលើពិភពលោក ដូច្នេះធ្វើឱ្យប៉ះពាល់ដល់ការលក់កសិផលរបស់ប្រជាកសិករយើង ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ចកម្ម បានកំពុងខិតខំរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដោយបានទម្លាក់ទុនប្រាក់កម្ចី ដើម្បីធ្វើកន្លែងសម្ងួត និងស្តុកទុកកសិផលនៅទូទាំងប្រទេស ក្នុងការប្រមូលទិញកសិផលពីប្រជាពលរដ្ឋ ដែលជាកត្តាជួយរក្សានិរន្តរភាពតម្លៃ លើទីផ្សារកសិផលក្នុងប្រទេស។

ជាចុងក្រោយលោក ផាន់ ចាន់ធុល ក៏បានសំណូមពរដល់ប្រជាកសិករទាំងអស់ ត្រូវចងគ្នាជាក្រុម ឬជាសហគមន៍ ដើម្បីសហការជាមួយសហគមន៍នាំចេញកសិផល ជៀសវាងការកេងចំនេញ ឬជាន់តម្លៃពីឈ្មួញកណ្តាល ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃកសិផល។

សូមជម្រាបផងដែរថា តំណាងសៃឡូ និងទីលានហាល ដែលទទួលទិញកសិផលពីប្រជាកសិករក្នុងខេត្តប៉ៃលិន បានលើកឡើងថា បញ្ហាដែលតម្លៃពោតក្រហមធ្លាក់ចុះ គឺដោយសារទីផ្សារប្រទេសជិតខាង កំពុងប្រមូលផលទិញ កសិផលរបស់ប្រជាជនគេដែរ ដូច្នេះធ្វើឱ្យការបញ្ជាទិញពីកម្ពុជាយើងមានការធ្លាក់ចុះ ហើយយើងគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញកសិផលប្រជាពលរដ្ឋបានច្រើននោះទេ ព្រោះកន្លែងសម្ងួត និងស្តុកទុកកសិផលរបស់យើងនៅមានកម្រិត។ ចំណែកក្រុមហ៊ុនផលិតចំណីសត្វ ស៊ីភី នៅក្នុងខេត្តប៉ៃលិន បានចុះកិច្ចព្រមព្រៀងទិញ-លក់ពោតក្រហមគ្រាប់ ជាមួយសមាគមន៍ទិញ-លក់កសិផលក្នុងខេត្ត ចំនួន៨០០០តោន ក្នុងរយៈពេល១០ថ្ងៃ ទៅតាមតម្លៃទីផ្សារអន្តរជាតិ ដោយក្រុមហ៊ុនកាត់បន្ថយការនាំចូល កសិផលពីបរទេស ដែលជាវត្ថុធាតុដើមក្នុងការផលិតចំណីសត្វ ដើម្បីជួយដល់ទីផ្សារកសិផលក្នុងខេត្តប៉ៃលិន។

បើតាមរបាយការណ៍របស់ លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានឱ្យដឹងថា នៅឆ្នាំ២០១៨នេះ ខេត្តប៉ៃលិន ដាំដុះពោតក្រហមប្រមាណ៩៥០០ហិចតា ហើយបានប្រមូលផលចាប់ពីខែមករា រហូតដល់ខែកក្កដានេះ បានប្រមាណ៥៧០០ហិចតា ក្នុងនោះមានសៃឡូ និងទីលានហាលទទួលទិញកសិផល ពីកសិករក្នុងខេត្តចំនួន៥៨ ដោយមានលទ្ធភាពប្រមូលទិញកសិផលយកមកស្តុកទុក បានចំនួនប្រមាណជា៦ម៉ឺនតោន ព្រមទាំងក្រុមហ៊ុន ស៊ីភី ផលិតចំណីសត្វចំនួន១ ហើយទីផ្សារសម្រាប់នាំចេញគឺពឹងផ្អែកទៅលើប្រទេសថៃ និងវៀតណាម៕