រថយន្តដឹកឈើមានចំនួន ០៤គ្រឿង​ ដែលពិបាកក្នុងការនាំចេញមកក្រៅវិញ ត្រូវបានធ្វើការបំផ្លាញចោលនៅនឹងកន្លែង

55

មណ្ឌលគិរី​ ៖ នៅថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៩យើងនេះ​ រថយន្តដឹកឈើល្មើសច្បាប់មានចំនួន ០៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ ស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ពិបាកក្នុងការនាំចេញមកក្រៅវិញនោះ ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ​ ធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្តង។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានបញ្ជាក់ថា រថយន្តដឹកឈើនៅក្នុងព្រៃចំនួន ០៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃ ត្រូវធ្វើការបំផ្លាញចោលតែម្តង ដោយប្រើម្សៅ TNT។ សម្រាប់រថយន្តល្មើសជាង ៤០គ្រឿងទៀត ដែលត្រូវបានបង្ក្រាប និងរឹបអូសផងដែរនោះ រង់ចាំការកាត់ចោល និងបំផ្លាញចោលនៅពេលក្រោយ។

ដោយឡែកសំណុំរឿងនៃការចាប់ខ្លួនលោកឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក​ ០៣នាក់ផ្សេងទៀត ដែលរងការចាប់ខ្លួនផងដែរនោះ ត្រូវបានលោកឧត្តមសេនីយ៍​ អ្នកនាំពាក្យអះអាងថា អាចផ្ទេរមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត​ ៕