#ចេញផ្សាយថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩យើងនេះ ឧត្តមរដ្ធមន្ដ្រី វេង សាខុន បានដឹកនាំកិច្ចប្រជំុដើម្បីពិគ្រោះយោបល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ធានស្រុកតំបែរ ខេត្តក្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម …..!

4

(ខេត្តកំពង់ចាម) ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៩ ឯកឧត្តមរដ្ឋមន្រ្តីបានដឹក នាំកិច្ចប្រជុំដើម្បីពិគ្រោះយោបល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

គោលបំណងនៃកិច្ចប្រជុំនាពេលនេះគឺដើម្បីធ្វើការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្រុកតំបែរ នៅខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បន្ទាប់ពីលោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស អានសេចក្តីសម្រេចស្តីពីការបែងចែកសមាសភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក តំបែរខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម រួចមក ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការសំណេះ សំណាលជាមួយសមាជិក សមាជិកា និងបានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះសកម្មភាពរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានតាមបណ្តាស្រុក ក្នុងខេត្តទាំងពីរកន្លងមក ដោយបាន៖
ចូលរួមចំណែកធ្វើឲ្យសម្រេចបាននូវសមិទ្ធផលជាច្រើន នៅស្ទើគ្រប់ការដ្ឋាននៃនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល
ការចូលរួមដោះស្រាយបញ្ហាប្រឈមនានា និងបានចំណាយធនធានថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ប្រជាជននៅមូលដ្ឋានដែលបានជួបប្រទះការលំបាក ទាំងលើផ្នែកសង្គមកិច្ច សេវាតម្រូវការ សន្តិសុខ សណ្តាប់ធ្នាប់សង្គម គ្រោះមហន្តរាយ និងការអភិវឌ្ឍ កន្លងមក។

ទន្ទឹមនឹងនេះ ក្នុងគោលបំណងធានាឲ្យក្រុមការងារទទួលបានភាពងាយស្រួលក្នុងការធ្វើសកម្មភាពទទួលបានលទ្ធផលល្អប្រសើរថែមទៀត ឯកឧត្តមបានស្នើឲ្យក្រុមការងារត្រូវយកចិត្តទុកដាក់បន្ថែមទៅលើ៖
1) ការផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋបានជ្រាប និងស្វែងរកការគាំទ្រ និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
2) ការរៀបចំធ្វើវេទិកា អាចធ្វើឡើងទៅតាមលទ្ធភាពរបស់ក្រុមការងារ ដែលអាចបំបែកជាក្រុមការងារតូចៗ តាមទីប្រជុំជន ទៅតាមសហគមន៍នានាដែលមានជាក់ស្តែង ដូចជាសហគមន៍ក្រីក្រ សហគមន៍មិនទាន់រៀបរយ អាជីវករ កម្មករ តំបន់ផ្ទះជួលរបស់កម្មករនិយោជិក គ្រួសារងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង កុមាកំព្រា ។ល។

3) ក្រុមការងារត្រូវជ្រើសរើសយកពេលវេលាសមស្របដែលមិនឲ្យប៉ះពាល់ដល់ការប្រកបមុខរបររបស់ប្រជាពលរដ្ឋ
4) ក្នុងការបំពេញភារកិច្ចនៅមូលដ្ឋាន ក្រុមការងារនិមួយៗត្រូវលើកកំពស់ការដឹកនាំ សម្របសម្រួលគាំទ្រដល់ថ្នាក់ក្រោមជាតិក្នុងការបន្តលើកកម្ពស់៖
ការតាមដានស្តាប់នូវកង្វល់របស់ប្រជាជនការផ្តល់សេវាតម្រូវការ សាធារណៈ
ការអភិវឌ្ឍនៅមូលដ្ឋាន
ការដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋានចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីទទួលបានពីក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ
ការដោះស្រាយនូវរាល់សំណូមពរត្រូវផ្នែកលើច្បាប់ និងលិខិតបទដ្ឋាគតិយុតនានា
5) ក្នុងការអនុវត្តការងារត្រូវបង្កើនភាពជាម្ចាស់ក្នុងការដោះស្រាយ និងឆ្លើយតបឲ្យបានទាន់ពេលវេលាទៅតាមលទ្ធភាពប្រកបដោយស្មារតីប្រុងប្រយ័ត្នចំពោះបញ្ហាអសកម្មផ្សេងៗ ធ្វើឲ្យប្រជាជនអស់ជំនឿមកលើក្រុមការងារ
6) ក្រុមការងារត្រូវខិតខំបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងស្មារតីមុតស្រួច និងស្រុះដៃគ្នា ជៀសវៀង ការធុញទ្រាន់ពីសំណាក់ប្រជាជន ក្នុងការចូលរួមពីគ្រោះយោបល់ និងដោះស្រាយបញ្ហានានាជាមួយយើង
7) ក្នុងការអនុវត្តការងារក្រុមការងារ ពុំមានតួនាទី ឬសិទ្ធិសម្រេចកិច្ចការជំនួសក្រសួង ស្ថាបននានាឡើយ
8) ក្រុមការងារក៏ពុំមានតួនាទីចាត់ចែង កិច្ចការជំនួសរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនានាឡើយ
9) ក្រុមការងារមានតួនាទីដឹកនាំជម្រុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញនានា ឲ្យលើកម្ពស់បំពេញការងារ ស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវដែលបានកំណត់
10) ក្រុមការងារត្រូវខិតខំកៀគរធនធានពីប្រភពនានា ដើម្បីចូលរួមក្នុងការដោះស្រាយជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍមូលដ្ឋាន ។
11) ក្រុមការងារត្រូវធ្វើការផ្សព្វផ្សាយពីកម្មវិធីកំណែទម្រង់តាមវិស័យនានាក៏ដូចជាផ្តល់ជូននូវបច្ចុប្បន្នភាពទាក់ទងទៅនឹងសេដ្ឋកិច្ចពិភពលោក សភាពការណ៍នានាដែលបានកើតឡើងនៅលើសកលលោក និងនៅក្នុងប្រទេស ជាពិសេសការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងទិសដៅរបស់ប្រមុខនៃរាជរដ្ឋាភិបាល
12) ក្នុងករណីមានបញ្ហាប្រឈម ដែលមិនអាចដោះស្រាយបាន ក្រុមការងារត្រូវជំរុញឲ្យក្រសួង ស្ថាបនពាក់ព័ន្ធដើម្បីជួយ ពិនិត្យនិងដោះស្រាយ ជាពិសេសប្រមុខរាជរដ្ឋាភិបាល
13) ក្រុមការងារថ្នាក់ស្រុកត្រូវរៀបចំប្រជុំបូកសរុប ក្នុងរយៈពេលបីខែម្តង
14) ដើម្បីទទួលបានរបាយការណ៍គ្រប់ជ្រុងជ្រោយ លោកអភិបាល នៃគណៈអភិបាលស្រុក ត្រូវរៀបចំក្រុមការងារធ្វើការបូកសរុបសំណើ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋានដើម្បីកំណត់ទិសដៅ និងវិធានការដោះស្រាយ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ៕